ជួប​ខ្ញុំ​នៅ​ហ្វេស​បុក​

អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ស្វែង​រក​ខ្ញុំ​បាន​នៅ​ហ្វេស​បុកផង​ដែរ​។ សូច​ចុច​នៅ​ទីនេះ គិត​ ស៊ីនិន

Saturday, October 12, 2019

LIBIFO #15

កុំឃាត់អ្នកដែលចង់ទៅ សូមថែរក្សាអ្នកដែលកំពុងនៅ។ 

បើគេចង់ទៅទៅហើយ ទោះឃាត់គេបាន ក៏បានតែខ្លួនប្រាណរបស់គេតែប៉ុណ្ណោះ រីឯទាំងចិត្តទាំងអារម្មណ៍របស់គេ លែងនៅទីនេះជាមួយយើងទៀតហើយ។ 

សម្រាប់អ្នកដែលកំពុងនៅវិញ ទាំងខ្លួនប្រាណ ទាំងចិត្ត ទាំងអាំរម្មណ៍របស់គេ គឺកំពុងតែឋិតនៅទីនេះស្រាប់ ហេតុអ្វីយើងមិនផ្តល់ការយកចិត្តទុកដាក់ចំពោះគេ ឲ្យបានច្រើនជាងនេះបន្តិចទៅ? បោះបង់គេចោល មិនគិតថា ខ្ជះខ្ជាយពេកទេអី? 

ពីខ្ញុំ គិត ស៊ីនិន

LIBIFO #14

ចាប់ផ្តើមដោយការចាប់ផ្តើម! បើទោះបីជាគ្មាននរណាម្នាក់ ទៅជាមួយអ្នកនៅពេលនេះក៏ដោយ ក៏អ្នកត្រូវតែទៅដែរ ពីព្រោះថា នៅតាមផ្លូវទៅនេះ អ្នកអាចនឹងបានជួបបុគ្គលទាំងឡាយផ្សេងទៀត ដែលពួកគេនឹងព្រមរួមដំណើរជាមួយអ្នក ហើយនៅទីបំផុតនោះ អ្នកនឹងមានមនុស្សមួយក្រុម ដែលនឹងព្រមរួមសុខរួមទុក្ខជាមួយនឹងអ្នក នៅលើវិថីមួយនេះជាមិនខាន។ 

ចាប់ផ្តើមដោយការចាប់ផ្តើម! បើអ្នកមិនព្រមចេញដំណើរទៅ ដោយសារតែគ្មាននរណាម្នាក់ នឹងទៅជាមួយអ្នកនៅពេលនេះទេ នោះអ្នកក៏នឹងគ្មានថ្ងៃបានទៅណាអ្វីទាំងអស់។ 

ពីខ្ញុំ គិត ស៊ីនិន

LIBIFO #13

បើអ្នកគិតថា “មិនអាច” នោះខួរក្បាលរបស់អ្នកទាំងមូល នឹងខិតខំជួយគិតអ្នក ដើម្បីស្វែងរកលេសគ្រប់យ៉ាង ដើម្បីឲ្យការគិតរបស់អ្នកមួយនេះ បានក្លាយជាការពិតពិតមែន។ 

បើអ្នកគិតថា “អាច” នោះខួរក្បាលរបស់អ្នកទាំងមូល នឹងខិតខំជួយគិតអ្នក ដើម្បីស្វែងរកមធ្យោបាយគ្រប់យ៉ាង ដើម្បីឲ្យការគិតរបស់អ្នកមួយនេះ បានក្លាយជាការពិតពិតមែន។ 

អ្វីៗគឺចាប់ផ្តើមពីការគិត តាំងពីជំហានដំបូងរបស់អ្នកមកម្លេះ។ តើអ្នកកំពុងគិតអ្វីដែរនៅពេលនេះ? 

ពីខ្ញុំ គិត ស៊ីនិន